Study Bible Dictionary in Khmer
April 24, 2014The Cruxification of Jesus (Khmer/English)
June 6, 2014បកប្រែដោយមានការអនុញ្ញាតពីគេហទំព័រ៖ http://www.challies.com/book-reviews/four-blood-moons
បកប្រែដោយ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ជារឿយៗ ខ្ញុំតែងតែអានសៀវភៅគ្រីស្ទបរិស័ទដែលអាចជួយឲ្យយើងមានឱកាសលូតលាស់ ហើយស្ដាប់បង្គាប់តាមព្រះអម្ចាស់ ប៉ុន្តែពេលខ្លះខ្ញុំក៏អានសៀវភៅដែលលក់ដាច់ច្រើនដែរ ហើយមើលទៅវាដូចជាមានឥទ្ធិពលចំពោះអ្នកអាន ដូច្នេះខ្ញុំក៏ចង់អានសៀវភៅដូចនោះដែរ ដើម្បីឲ្យខ្ញុំបានដឹងនឹងគេ។ ខ្ញុំអានដើម្បីឲ្យដឹងថា ហេតុអ្វីបានជាមានមនុស្សជាច្រើនអានសៀវភៅទាំងនោះ។ ក្នុងចំណោមសៀវភៅល្បីល្បាញទាំងនោះក៏មានសៀវភៅរបស់លោក ចន ហេហ្គី (John Hagee) ដែលមានចំណងជើងថា Four Blood Moons ដែរ។ ហេតុដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តអានសៀវភៅរបស់គាត់។មានចន្ទគ្រាសបួនដែលនឹងកើតមានឡើងតាមដំណាក់កាលម្ដងមួយៗ ដែលវានឹងកើតមានឡើងក្នុងរយៈពេលប្រាំមួយខែម្ដងៗ។ ចន្ទគ្រាសលើកទីមួយទើបតែបានកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤នេះ។ ក្រុម NASA បានលើកឡើងថា «បាតុភូតនេះបានកើតឡើងនៅ ថ្ងៃទី១៥ ខែមេសា នៅចំពេលដែលព្រះចន្ទពេញបូរមី ឆ្លងកាត់ស្រមោលងងឹតរបស់ផែនដី ហើយវាបង្កើតជាចន្ទគ្រាសនៅចំកណ្ដាលរាត្រីដែលប្រទេសផ្សេងៗនៅប៉ែកអាមេរិកខាងជើងអាចមើលឃើញបាន។ ពេលដែលបាតុភូតនេះកើតឡើង នោះបង្ហាញប្រាប់ថា ចន្ទគ្រាសដំបូងក្នុងចំណោមចន្ទគ្រាសទាំងបួនបានកើតឡើងមុនគេ ហើយនឹងមានចន្ទគ្រាសបីទៀតដែលនឹងកើតឡើងជាបន្តបន្ទាប់ក្នុងរវាងប្រមាណប្រាំមួយខែម្ដង បាតុភូតនេះជាភាសា អង់គ្លេសហៅថា tetrad។ ចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅបានកើតឡើងនៅ ថ្ងៃទី១៥ ខែមេសា ហើយនឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ និងនៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ហើយម្ដងទៀតនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥»។ នៅក្នុងអំឡុងពេលដែលចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅទាំងបួនកំពុងតែកើតឡើង ពេលនោះព្រះចន្ទនឹងប្ដូរពណ៌ជាពណ៌ក្រហម។ លោក ចន ហេហ្គី បានហៅចន្ទគ្រាសនេះថាជាព្រះចន្ទក្រហម (Blood Moon)។ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវពីបទទំនាយនៅក្នុងព្រះគម្ពីរ នោះលោកអ្នកនឹងឃើញថា មានសេចក្តីបង្រៀនពីចន្ទគ្រាសជាច្រើនដែលមើលទៅគួរឲ្យចាប់អារម្មណ៍ ហើយលោកអ្នកក៏ពិបាកនឹងមើលរំលងវាដែរ។ ដ្បិតកណ្ឌគម្ពីរ យ៉ូអែល ២:៣១ ក៏បានចែងដែរថា «ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់»។ លោក ចន ហេហ្គី ជឿថា «ព្រះជាម្ចាស់ប្រើប្រាស់ ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទុកជាសញ្ញាសម្គាល់ ដើម្បីនាំសារមកកាន់មនុស្សលោក។ ទ្រង់ប្រើប្រាស់ផ្ទៃមេឃទុកដូចជាកន្លែងសម្រាប់ប្រកាសដំណឹងផ្សេងៗដែលនឹងកើតឡើង»។ គាត់ក៏បានមានប្រសាសន៍ទៀតថា៖
«ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយជាប់ពាក់ព័ន្ធនឹងសាសន៍អ៊ីស្រាអែល និងទំនាយក្នុងព្រះគម្ពីរយ៉ាងច្បាស់។ ការជាប់ពាក់ព័ន្ធនោះបានលើកទឹកចិត្តខ្ញុំឲ្យនិពន្ធសៀវភៅ Four Blood Moons នេះ។ ព្រះជាម្ចាស់នឹងប្រើប្រាស់និមិត្តសញ្ញាទាំងនោះ ដើម្បីនាំសារដ៏សំខាន់មួយមកកាន់មនុស្សលោក។ តើព្រះជាម្ចាស់កំពុងតែមានបន្ទូលអ្វីមកកាន់យើងរាល់គ្នា? តើអតីតកាលលាក់បាំងអាថ៌កំបាំងអនាគតកាលដោយរបៀបណា? តើនឹងមានអ្វីកើតឡើងនៅផែនដីនេះ? គ្រប់អ្វីៗទាំងអស់ជិតនឹងមានការប្រែប្រួល ហើយការប្រែប្រួលនោះនឹងនៅស្ថិតស្ថេរជារហូត។ សូមបន្តអានសៀវភៅនេះ ពីព្រោះនេះគឺជាសារដ៏សំខាន់ដែលមកពីព្រះជាម្ចាស់។ យើងដឹងថា នេះជាសារដ៏សំខាន់ព្រោះទ្រង់បានគ្រោងឲ្យព្រះអាទិត្យ និងព្រះចន្ទឈរជាគន្លង ហើយបង្កើតឲ្យមានចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅបួនកើតឡើង (Tetrad)»។
កន្លងប្រាំរយឆ្នាំមកនេះ ព្រះចន្ទក្រហមបានកើតឡើងបីដងរួចហើយនៅថ្ងៃដំបូងនៃថ្ងៃ បុណ្យរំលង។ លោក ចន ហេហ្គីបានមានប្រសាសន៍ទៀតថា «នៅក្នុងប្រវត្តិសាស្ត្ររបស់សាសន៍យូដាក្នុងរយៈពេលប្រមាណជាប្រាំរយឆ្នាំកន្លងមកនេះមានចន្ទគ្រាសបីដងបានកើតឡើងហើយក្នុងចំណោមចន្ទគ្រាសទាំងបួនដែលជាប់ទាក់ទិននឹងប្រទេសអ៊ីស្រាអែល។ ចន្ទគ្រាសលើកទីបួនជិតកើតឡើងហើយ»។ យោងតាមការស្រាវជ្រាវប្រវត្តិសាស្ត្ររបស់លោក ចន ហេហ្គីបានសន្មតថា ចន្ទគ្រាសដ៏ក្រហមឆ្អិនឆ្អៅទាំងនោះបានកើតឡើងក្នុងប្រវត្តិសាស្ត្រសំខាន់ៗរបស់យូដាដូចជា៖ នៅឆ្នាំ១៤៩២ ប្រទេស អេស្ប៉ាញបានបណ្ដេញសាសន៍យូដាចេញពីប្រទេសរបស់ពួកគេ ហើយនៅឆ្នាំ១៩៤៩ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា អ៊ីស្រាអែលមានប្រទេសឡើងវិញ នៅឆ្នាំ១៩៦៧ មានសង្គ្រាមប្រាំមួយថ្ងៃរវាងពួកអារ៉ាប់ និងសាសន៍អ៊ីស្រាអែល។
លោកអ្នកត្រូវយល់ឲ្យបានថា លោក ចន ហេហ្គីជឿថា សាសន៍យូដានៅតែជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយសេចក្តីសន្យា និងការតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងសាសន៍ យូដានៅតែមានសុពលភាពនៅសព្វថ្ងៃនេះនៅឡើយ។ លោកបានលើកឡើងទៀតថា «សាសន៍ យូដានៅតែជាកែវភ្នែករបស់ព្រះជាម្ចាស់ដដែល។ ពួកគេនៅតែជារាស្ត្រដែលព្រះជាម្ចាស់ស្រឡាញ់ ហើយក៏នៅតែជារាស្ត្ររើសតាំង។ ពួកគេក៏នៅតែជារាស្ត្រដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយដដែល។ ព្រះជាម្ចាស់បានសន្យានឹងរក្សាការតាំងសញ្ញានោះជារៀងរហូត»។ ហើយលោក ចន ហេហ្គីក៏ជឿទៀតថា ព្រះជាម្ចាស់មានទំនាក់ទំនងដ៏ពិសេសជាមួយប្រទេស អាមេរិក ព្រោះចាប់តាំងពីប្រទេស អេស្ប៉ាញបានបណ្ដេញសាសន៍ យូដាចេញពីប្រទេសរបស់ពួកគេនៅអំឡុងឆ្នាំ១៤៩២មក ពេលនោះប្រទេសអាមេរិកបានទទួលស្វាគមន៍សាសន៍យូដាយ៉ាងកក់ក្ដៅ។ លោក ចន ហេហ្គីបានមានប្រសាសន៍ថា «ព្រះជាម្ចាស់បានដកភាពរុងរឿងចេញពីប្រទេស អេស្ប៉ាញ ហើយបានផ្ទេរទៅប្រទេសអាមេរិកដែលជាប្រទេសក្មេងខ្ចីនៅឡើយនៅឆ្នាំនោះ»។ ព្រះជាម្ចាស់បានប្រទានអភ័យឯកសិទ្ធិដ៏ពិសេសមួយដល់ប្រទេស អាមេរិក ដើម្បីការពាររាស្ត្ររបស់ទ្រង់ដែលជាសាសន៍អ៊ីស្រាអែល។ ហេតុដូច្នេះហើយបានជាប្រទេស អាមេរិកត្រូវតែប្រុងប្រយ័ត្ន ហើយព្យាយាមឲ្យស្គាល់ពី និមិត្តសញ្ញាទាក់ទងនឹងបាតុភូតព្រះចន្ទក្រហមទាំងបួននេះ។
សៀវភៅ Four Blood Moons គឺជាសៀវភៅដែលធ្វើឲ្យអ្នកអានខកចិត្តយ៉ាងខ្លាំង។ សៀវភៅប្រភេទនេះគឺតែងតែធ្វើឲ្យអ្នកអានខកចិត្តគ្រប់ពេល។ នៅទីបញ្ចប់ លោក ចន ហេហ្គី (John Hagee) មិនបានប្រាប់ថា នឹងមានព្រឹត្តិការណ៍អ្វីកើតមានឡើង ឬប្រាប់ពីពេលវេលាដែលព្រឹត្តិការណ៍នោះនឹងកើតឡើងនោះទេ។ គាត់គ្រាន់តែនិយាយថា នៅថ្ងៃខាងមុខនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយដែលនឹងត្រូវកើតឡើង។ មានមនុស្សជាច្រើនតែងតែទាយពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃអនាគតដោយគ្មានភាពច្បាស់លាស់ ព្រោះពួកគេមិនបានប្រើប្រាស់ខគម្ពីរឲ្យបានត្រឹមត្រូវ។
ខ្ញុំជឿថា យើងទាំងអស់គ្នាបានអានសៀវភៅនេះ ឬសៀវភៅផ្សេងៗដែលមានសេចក្តីបង្រៀនប្រភេទនេះជាច្រើនលើកច្រើនសារហើយ។ ពិតប្រាកដណាស់ សៀវភៅនេះពឹងផ្អែកខ្លាំងលើការប៉ាន់ស្មានមិនចេះឈប់មិនឈរ មានមនុស្សមួយចំនួនបានរិះគន់គាត់ថា គាត់ចេះតែលើកឡើងឲ្យត្រូវតែតាមគំនិតរបស់គាត់ប៉ុណ្ណោះ។ តើយើងគួរធ្វើដូចម្ដេចចំពោះសៀវភៅដូចជា Four Blood Moons មួយក្បាលនេះ? ខ្ញុំគិតថា យើងមិនត្រូវទទួលស្គាល់សៀវភៅប្រភេទនេះទេ។ សូមអនុញ្ញាតឲ្យខ្ញុំផ្ដល់ហេតុផលបួនយ៉ាងដែលខ្ញុំគិតដូចនេះ៖
លោក ចន ហេហ្គី បានប្រើប្រាស់ខគម្ពីរដោយរបៀបខុសឆ្គង។ នៅពេលដែលគាត់កាត់ស្រាយចន្ទគ្រាសដែលគាត់រាប់ថាជាទំនាយក្នុងព្រះគម្ពីរ ជារឿយៗ គាត់បានប្រើប្រាស់ខគម្ពីរដោយរបៀបខុសឆ្គង។ មើលទៅគាត់បកស្រាយព្រះគម្ពីរតាមចិត្ត ពេលខ្លះគាត់យកអត្ថន័យត្រង់ៗ ហើយពេលខ្លះទៀតគាត់ប្រៀបធៀបទៅនឹងអ្វីផ្សេងទៀត ដើម្បីឲ្យព្រះគម្ពីរមានអត្ថន័យតាមបំណងចិត្តដែលគាត់ចង់បាន។ មុនដែលលោក ចន ហេហ្គីទៅរកខយោងនៅក្នុងព្រះគម្ពីរដើម្បីគាំទ្រថា គំនិតរបស់គាត់ត្រឹមត្រូវ គឺគាត់បានមានគំនិតកាត់ស្រាយបទគម្ពីរនោះដោយខ្លួនឯងមុនរួចទៅហើយ។ ដូច្នេះ គាត់អាចរកខយោងមកប្រើជាភស្តុតាងមកលើគំនិតផ្ទាល់របស់គាត់នៅត្រង់ណា ឬពេលណាក៏បាន ពីព្រោះគាត់បានប្រើប្រាស់ខគម្ពីរដោយរបៀបខុសឆ្គង។
លោក ចន ហេហ្គីឲ្យអត្ថន័យលើប្រវត្តិសាស្ត្រតាមតែចិត្តរបស់គាត់។ សៀវភៅ Four Blood Moons រំឭកខ្ញុំពីសៀវភៅដ៏ល្បីល្បាញមួយទៀតដែលមានចំណងជើងថា The Bible Code។ សៀវភៅនោះគ្រាន់តែរៀបរាប់ពីអ្វីៗដែលបានកើតឡើងនៅអតីតកាលប៉ុណ្ណោះ ប៉ុន្តែមិនបានរៀបរាប់ពីអ្វីៗដ៏មានគុណប្រយោជន៍ដែលនឹងកើតឡើងនៅថ្ងៃអនាគតសោះ។ លោក ចន ហេហ្គីគ្រាន់តែជ្រើសយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្លះៗ ហើយឲ្យអត្ថន័យយ៉ាងខ្ពស់ទៅលើព្រឹត្តិការណ៍នោះ ប៉ុន្តែស្របពេលនោះដែរ គាត់ក៏មិនបានអើពើនឹងព្រឹត្តិការណ៍ផ្សេងៗទៀតដែលមិនគាំទ្រនឹងគំនិតដែលគាត់ចង់លើកឡើងនោះដែរ។ ឧទាហរណ៍ គាត់មិនបានលើកឡើងថា ប្រជាជននៅក្រុងយេរូសាឡឹម ពួកគេមិនអាចមើលឃើញចន្ទគ្រាសទាំងបីក្នុងចំណោមចន្ទគ្រាសទាំងបួនដែលបានកើតឡើងនោះទេ។ ប្រសិនបើ ព្រះជាម្ចាស់ផ្ដល់សញ្ញាសម្គាល់ទាំងនោះសម្រាប់ប្រទេស អ៊ីស្រាអែល ចុះហេតុអ្វីបានជាពួកគេមិនអាចមើលឃើញ? (ក្រុម Answer In Genesis បាននិពន្ធឯកសារដ៏ល្អមួយដែលមានរៀបរាប់បន្ថែមលើប្រតិទិនដែលរាប់តាមចន្ទគតិ និងពីពេលវេលាដែលចន្ទគ្រាសទាំងនោះបានកើតឡើង។ លោកអ្នកអាចអានការរៀបរាប់នេះជាភាសា អង់គ្លេសនៅក្នុងគេហទំព័រ៖ https://answersingenesis.org/astronomy/moon/will-lunar-eclipses-cause-four-blood-moons-in-2014-and-2015/)។
លោក ចន ហេហ្គីនិពន្ធក្នុងនាមជាជនជាតិ អាមេរិក ហើយសម្រាប់ប្រជាជនអាមេរិក។ វាគួរឲ្យចម្លែកណាស់ដែលខ្ញុំជាជនជាតិ កាណាដាអានសៀវភៅនេះដោយមានផ្នត់គំនិតតាមជនជាតិ កាណាដា។ លោក ចន ហេហ្គីជឿថា ប្រទេសអាមេរិកជាប្រទេសដ៏សំណព្វមួយក្នុងព្រះនេត្រព្រះជាម្ចាស់។ ចុះហេតុអ្វីបានជា
ប្រទេស អាមេរិកជាប្រទេសសំណព្វ តែប្រទេសផ្សេងៗដូចជា កាណាដា ស្វីស វៀតណាម…មិនមែនជាប្រទេសសំណព្វទៅវិញ? ហើយហេតុអ្វីបានជាមានតែប្រទេស អាមេរិកត្រូវការស្ដាប់តាមដំបូន្មាននេះ តែមិនមែនប្រទេសផ្សេងៗទៅវិញ? ព្រះជាម្ចាស់បានគ្រោងដំណឹងល្អទុកសម្រាប់គ្រប់ទាំងពូជសាសន៍ កុលសម្ព័ន្ធ និងភាសា ប៉ុន្តែសៀវភៅដែលនិពន្ធដោយជនជាតិ អាមេរិកមួយក្បាលនេះបែរជាទុកសម្រាប់តែជនជាតិអាមេរិកអានប៉ុណ្ណោះ។
លោក ចន ហេហ្គីមិនបានរៀបរាប់យ៉ាងច្បាស់ពីព្រះមេស្ស៊ី និងសាសន៍យូដាទេ។ លោក ចន ហេហ្គីបានកោតសរសើរ ហើយថែមទាំងមានចិត្តច្រណែននឹងសាសន៍យូដាទៀតផង។ នៅក្នុងការកោតសរសើររបស់គាត់ គាត់បានគិតថា សាសន៍យូដាមិនចាំបាច់ត្រូវការសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទទាល់តែសោះ។ ការប្រាប់សាសន៍យូដាថា ពួកគេអាចទទួលសេចក្ដីសង្គ្រោះបានតាមរយៈជំនឿដែលមិនពឹងអាងលើព្រះគ្រីស្ទ នោះមិនមែនជាសេចក្តីស្រឡាញ់ទេ ។ ដ្បិតមើលទៅលោក ចន ហេហ្គីគ្រាន់តែកោតសរសើរពីជំនឿ និងប្រពៃណីរបស់សាសន៍យូដាប៉ុណ្ណោះ ប៉ុន្តែគាត់មិនបានយកឱកាសណាមួយ ដើម្បីទៅដាស់តឿនសាសន៍យូដាឲ្យបែរទៅរកព្រះមេស្ស៊ីដែលទ្រង់បានយាងមករួចហើយទាល់តែសោះ។ ប្រសិនបើគាត់ពិតជាបានជឿថា សាសន៍យូដាត្រូវតែបែរទៅរកព្រះគ្រីស្ទ ចុះហេតុអ្វីបានជាគាត់មិនបានបញ្ជាក់ពីតម្រូវការនោះឲ្យច្បាស់លាស់ដូច្នេះ?
ពិតណាស់ យើងទាំងគ្នាបានដឹងហើយថា នឹងមានព្រឹត្តិការណ៍ផ្សេងៗកើតឡើងនៅថ្ងៃអនាគតមែន ទោះបើយើងមិនដឹងថា ការនោះជិតមកដល់ ឬនៅយូរទៀតក៏ដោយ។ ពិតណាស់ ព្រះអម្ចាស់នឹងយាងមកវិញ។ ប៉ុន្តែ យោងតាមព្រះបញ្ញាញាណរបស់ព្រះជាម្ចាស់ ទ្រង់សព្វព្រះទ័យនឹងមិនបើកឲ្យយើងដឹងពីពេលវេលានៃការយាងមកវិញរបស់ព្រះគ្រីស្ទនោះទេ ហើយទ្រង់ក៏បានហាមមិនឲ្យយើងទាយពីពេលវេលានៃការយាងមកវិញរបស់ទ្រង់ដែរ។ ការសន្មតដែលយោងតាមព្រះចន្ទ និងផ្កាយបែបនេះគឺប្រៀបបានទៅនឹងការដែលគ្រីស្ទបរិស័ទធ្វើជាហោរាសាស្ត្រអញ្ចឹង។ ពេលដែលយើងមើលព្រះចន្ទក្រហម យើងគួរតែរាប់វាថា នោះគឺជាទស្សនីយភាពដ៏ត្រចះត្រចង់មួយមកពីព្រះជាម្ចាស់ ហើយមិនត្រូវបង្កើតឲ្យមានជាការទស្សន៍ទាយដែលគ្មានភាពច្បាស់លាស់ស្ដីពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃអនាគតនោះឡើយ។៚
តើ Tetrad កើតឡើងជាញឹកញាប់ឬអត់?
បកប្រែពីគេហទំព័រ៖ http://earthsky.org/space/what-is-a-blood-moon-lunar-eclipses-2014-2015
បកប្រែដោយ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
តើ tetrad កើតឡើងជាញឹកញាប់ឬអត់? (Tetrad មានន័យថា ចន្ទគ្រាសកើតឡើងបួនដងជាបន្តបន្ទាប់ក្នុងរវាងប្រមាណប្រាំមួយខែម្ដង)។ វាគឺអាស្រ័យទៅលើសតវត្សដែលលោកអ្នកកំពុងតែរស់នៅ ពេលខ្លះបាតុភូតនោះអាចកើតឡើងជាញឹកញាប់ ហើយពេលខ្លះទៀតវាមិនកើតឡើងទេ។
ឧទាហរណ៍ នៅសតវត្សទី២១នេះ (២០០១-២១០០) មាន tetrad ចំនួនប្រាំបីដែលត្រូវកើតឡើង។ ប៉ុន្តែនៅសតវត្សទី១៧ ១៨ និង១៩ មិនមាន tetrad កើតឡើងនោះទេ។ មាន tetrad សរុបចំនួន ហុកសិបពីរដែលបានកើតឡើងក្នុងអំឡុងសតវត្សទី១-២១។ Tetrad ដែលទើបនឹងកើតឡើងក្រោយគេបង្អស់នៅអំឡុងឆ្នាំ២០០៣-២០០៤។ ហើយនឹងមាន tetrad មួយទៀតដែលត្រូវកើតឡើងនៅអំឡុងឆ្នាំ២០១៤-២០១៥ ហើយកើតឡើងម្ដងទៀតនៅអំឡុងឆ្នាំ២០៣២-២០៣៣។
ក្នុងអំឡុងសតវត្សទី១-២១ មាន tetrad ប្រាំបីដែលបានកើតឡើងចំបុណ្យរំលង និងបុណ្យបារាំរបស់សាសន៍យូដា។
១. ១៦២-១៦៣ នៃគ.ស
២. ៧៩៥-៧៩៦ នៃគ.ស
៣. ៨៤២-៨៤៣ នៃគ.ស
៤. ៨៦០-៨៦១ នៃគ.ស
៥. ១៤៩៣-១៤៩៤ នៃគ.ស
៦. ១៩៤៩-១៩៥០ នៃគ.ស
៧. ១៩៦៧-១៩៦៨ នៃគ.ស
៨. ២០១៤-២០១៥ នៃគ.ស
ហេតុអ្វីបានជាគេប្រើពាក្យថា ព្រះចន្ទក្រហមជំនួសឲ្យពាក្យចន្ទគ្រាសដែលគេហៅជាភាសា អង់គ្លេសថា tetrad?
យើងមិនដឹងប្រាប់លោកអ្នកពីហេតុផលនោះយ៉ាងដូចម្ដេចទេដែលមានមនុស្សជាច្រើនចាប់ផ្ដើមប្រើពាក្យព្រះចន្ទក្រហមជំនួសឲ្យពាក្យថា tetrad ដែលមានន័យថា ចន្ទគ្រាសដែលត្រូវកើតឡើងបួនដងជាបន្តបន្ទាប់ក្នុងរវាងប្រមាណប្រាំមួយខែម្ដង។ យើងពិតជាមិនបានដឹងពីហេតុផលមែន!
ជាថ្មីម្ដងទៀត នេះជាអត្ថន័យនៃពាក្យ tetrad ចន្ទគ្រាសដែលត្រូវកើតឡើងបួនដងជាបន្តបន្ទាប់ក្នុងរវាងប្រមាណប្រាំមួយខែម្ដងដែលមិនមានចន្ទគ្រាសណាមួយអាចកើតឡើងនៅក្នុងចន្លោះរវាងប្រាំមួយខែបានទេ។ វាមិនសមហេតុសមផលនោះទេដែលមានបុគ្គលណាម្នាក់ប្រើពាក្យ ព្រះចន្ទក្រហាមជំនួសឲ្យពាក្យ tetrad។
យោងតាមចំណេះដឹងរបស់យើង ការប្រើពាក្យថាព្រះចន្ទក្រហមជំនួសឲ្យពាក្យថា tetrad ប្រហែលចេញមកពីសៀវភៅរបស់លោក ចន ហេហ្គីដែលទើបតែបោះពុម្ពថ្មីៗនៅឆ្នាំ២០១៣នេះ ពីព្រោះពីមុនមិនមានអ្នកណាប្រើពាក្យនេះទេ។
យើងនៅតែមិនដឹងច្បាស់ទេថា តើព្រះចន្ទក្រហមជាប់ទាក់ទិននឹង tetrad ឬក៏មាន tetrad ណាមួយដែលកើតឡើងចំបុណ្យរំលង ឬបុណ្យបារាំរបស់សាសន៍យូដានោះទេ។
ទាញ់យកជា PDF
1 Comment
It’s a great deal 🙂